អាថ៌កំបាំងជំងឺ​មរណៈ​ដែល​សម្លាប់​កុមារ​រាប់​សិប​នាក់ត្រូវបានទម្លាយ

National

ភ្នំពេញៈ តាមរយៈកាសែតសាពត៌មានភ្នំពេញប៉ុស្តិ៍បានអោយដឹងថា ក្រុមវេជ្ជបណ្ឌិត បានទម្លាយករណីជំងឺមរណៈអាថ៌កំបាំង ដែលបានឆក់យកជីវិតកុមារកម្ពុជា រាប់សិបនាក់ នៅក្នុងរយៈពេល ៤ ខែចុងក្រោយនេះ។

មេរោគពោះវៀន ៧១ (Enterovirus 71) ដែលធម្មតា ទាក់ទងនឹងជំងឺដៃ ជើង និងមាត់ ត្រូវបានក្រុមអ្នកជំនាញសិក្សាអំពីមេរោគ នៅវិទ្យាស្ថានប៉ាស្ទ័រ កំណត់ថា ជាមូលហេតុ នៃការផ្ទុះជំងឺនោះ។ នេះបើយោងតាមសារអេឡិចត្រូនិក របស់ប្រធានផ្នែកសិក្សាមេរោគនៃក្រសួងសុខាភិបាល និងជាវេជ្ជបណ្ឌិត នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលបានផ្ញើចេញកាលពីថ្ងៃសុក្រ ហើយ ដែលភ្នំពេញ ប៉ុស្តិ៍ ទើបតែទទួលបាន កាលពីថ្ងៃអាទិត្យម្សិលមិញ។

ជំងឺដៃ ជើង និងមាត់ ជាជំងឺកើតឡើងក្នុងតំបន់ខ្លះ នៃប្រទេសវៀតណាម ហើយអ្នកសិក្សាអំពីមេរោគ បានកំណត់ថា វាបណ្តាលមកពីមេរោគក្នុងសែស្រឡាយ EV71 បន្ទាប់ពីធ្វើការសាកល្បងស្រាវជ្រាវរកឃើញការប្រែប្រួលថ្មីៗ នៃជំងឺដែលបានកើតឡើងនៅក្នុងប្រទេសភូមិផងរបងជាមួយរបស់ កម្ពុជានេះ។

នាយកប្រចាំប្រទេសនៃអង្គការសុខភាពពិភពលោក Dr. Pieter Van Maaren បានថ្លែងថា សែស្រឡាយមេរោគនេះ ពុំមែនងាយស្រួលវិនិច្ឆ័យរកឃើញនោះទេ ហើយថាការស្រាវជ្រាវកំពុងបន្តធ្វើ។ លោកបានមានប្រសាសន៍ ដោយបញ្ជាក់ពីការកំពុងបន្តសិក្សាស្វែងយល់ជំងឺដែលអង្គការសុខភាព ពិភពលោក WHO និងក្រសួងសុខាភិបាលបានអះអាងថា បានផ្តាច់ជីវិតកុមារ ៥៦ នាក់រួចមកហើយថា៖«វាពុំចាំបាច់ត្រូវចេញការប្រកាសអាសន្ន សម្រាប់ការធ្វើដំណើរជាបន្ទាន់នោះទេ ហើយ WHO ពុំទាន់មានគម្រោងយ៉ាងណានោះទេ គិតមកទល់ថ្ងៃនេះ»។

យ៉ាងណាក្តី មន្ទីរពេទ្យគន្ធបុប្ផាដែលដំបូងគេ បានជូនដំណឹងទៅក្រសួងអំពីការផ្ទុះនៃជំងឺនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញថា កុមារ ៦៤ រូប បានបាត់បង់ជីវិត ដោយសារជំងឺនេះ គិតតែក្នុងមន្ទីរពេទ្យរបស់ពួកគេប៉ុណ្ណោះ។

វេជ្ជបណ្ឌិតស្ថាបនិកមន្ទីរពេទ្យនេះ លោក Beat Richner បានមានប្រសាសន៍ អំពីរោគសញ្ញាពិសេសនៃ EV71 នេះថា៖«[កុមារ]រងការខូចខាតសរីរាង្គដង្ហើម នៅក្នុងសួតទាំងស្រុង នៅប៉ុន្មានម៉ោងចុងក្រោយ នៃជីវិតរបស់ពួកគេ»។ លោក Richner ដែលបារម្ភថា ការស្លាប់របស់កុមារទាំងនោះ ប្រហែលបណ្តាលមកពីការព្យាបាលខុស ឬការពុលថ្នាំ ដែលប្រើនៅតាមគ្លីនិកឯកជន បានបន្ថែមថា៖ «យើងនៅតែពុំទាន់ដឹងអ្វីឲ្យពិតប្រាកដ ដែលបណ្តាលឲ្យកើតជំងឺសួតដ៏មរណៈនេះ និងមិនដឹងថា កត្តាពុលថ្នាំ មានចំណែកបណ្តាលឲ្យមានការស្លាប់នេះឬយ៉ាងណានោះទេ»។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងថា ទោះបី EV71 ពុំមែនជាជំងឺថ្មីក្តី វាត្រូវការពេលវេលា ដើម្បីឲ្យក្រុមមន្ត្រីធ្វើការស្រាវជ្រាវ ឲ្យបានច្បាស់លាស់ មុនពេលយើងធ្វើការបញ្ចេញផ្សព្វផ្សាយជាសាធារណៈ។ ប៉ុន្តែលោករដ្ឋមន្ត្រីបានបន្ថែមថា៖ «មនុស្សទាំងអស់ក្នុងប្រទេសកម្ពុជា គួរយល់ដឹងអំពីអនាម័យល្អ»។

មន្ត្រីសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា ពួកគេកំពុងបន្តអំពាវនាវ ដល់ប្រជាពល-រដ្ឋឲ្យអនុវត្តនូវគោលការណ៍អនាម័យល្អ និងត្រូវរាយការណ៍ ពីជំងឺដែលគួរឲ្យសង្ស័យទាំងឡាយដែលបណ្តាលឲ្យមានការគ្រុនក្តៅ ទៅកាន់មន្ទីរពេទ្យ។

លោក លី សុវណ្ណ អនុប្រធាននាយកដ្ឋានជំងឺឆ្លង បានថ្លែងថា៖«បើកុមារគ្រុនក្តៅ និងមានកន្តួលលើស្បែក សូមបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យ»។

EV71 អាចបង្កឲ្យឈឺ ដៃ ជើង និងមាត់ធ្ងន់ធ្ងរ ដែលរួមមានឈឺប្រព័ន្ធប្រសាទ សរសៃឈាមបេះដូង និងផ្លូវដង្ហើម ហើយអាចមានករណីស្លាប់ ដោយសាររោគរលាកខួរក្បាលផងដែរ។

ពុំមានវិធីព្យាបាលទប់នឹងមេរោគ EV71 នេះត្រូវគេរកឃើញនៅឡើយទេ ប៉ុន្តែហានិភ័យ នៃការឆ្លងបានធ្លាក់ចុះ គួរឲ្យកត់សម្គាល់ បើសិនការអនុវត្តអនាម័យរបស់បុគ្គល និងបរិស្ថានត្រូវទៅតាមស្តង់ដារនោះ។ នេះបើយោងតាមព័ត៌មានទាក់ទងនឹងមេរោគនេះ ដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ WHO។

អត្ថបទឆ្នាំ ២០០៣ នៅក្នុងព្រឹត្តិបត្រនៃជំងឺឆ្លងថ្មីបានរៀបរាប់ពីការផ្ទុះយ៉ាង ខ្លាំងថ្មីៗ ដែលរួមមានការផ្ទុះនៃជំងឺនេះ នៅឆ្នាំ ១៩៩៨ នៅកោះតៃវ៉ាន់ ដែលបានបណ្តាលឲ្យមនុស្ស ៧៨ នាក់ស្លាប់។ យ៉ាងណាក្តី ការផ្ទុះនាពេលនោះ កើតមានករណីមិនស្លាប់ចំនួន ៤០៥ ករណី។
នៅប្រទេសកម្ពុជា យោងតាមក្រសួងសុខាភិបាល និង WHO ក្នុងចំណោមកុមារកើតជំងឺនេះ ៧៤ ករណីឆ្លងមាន ៥៦ នាក់បានស្លាប់។ តែយោងតាមមន្ទីរពេទ្យគន្ធបុប្ផា តួលេខករណីកើតជំងឺនេះមាន ៦៦ នាក់ ហើយបានស្លាប់ ៦៤ នាក់។

លោក គាង តារា ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រៃវែងដែលជាប់ព្រំដែនជាមួយប្រទេស វៀតណាមបានឲ្យដឹងថា មន្ទីរពេទ្យរបស់លោក ពុំមានករណីនៃជំងឺនេះទេ តែថា មន្ទីរពេទ្យលោកបានទទួលព័ត៌មានឲ្យប្រយ័ត្ន អំពីជំងឺនេះពីក្រសួងសុខាភិបាល៕ CR

Advertisements

About phangborey

I am a student in Don Bosco Vocational Center Kep,i study social communication and journalism. I live in kepcity, i'm from kampot province.
This entry was posted in កម្ពុជា, កុម៉ារ, ចំណេះដឹង, ជំងឺ, ពត័មាន, ភ្នំពេញ, ភ្នំពេញប៉ុស្តិ, សង្គម, សន្តិសុខ, cambodia, Don Bosco, donbosco kep, kmer news. Bookmark the permalink.

2 Responses to អាថ៌កំបាំងជំងឺ​មរណៈ​ដែល​សម្លាប់​កុមារ​រាប់​សិប​នាក់ត្រូវបានទម្លាយ

  1. Pingback: រោគសញ្ញា​មេរោគ អ៊ីវី.៧១ (Enterovirus 71) ដែលសម្លាប់កុម៉ារនៅកម្ពុជា | best cambodia

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s